សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។
ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យារពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក មានន័យថាក្រោយពស់ខាំភ្លាម គប្បីទប់អបអវយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។ ឧទាហរណ៍៖ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគប្បីរកអ្នកជួយគ្រា ឬសែងទៅរកកន្លែងសង្គ្រោះ ឬមន្ទីរពេទ្យ។
ចំពោះវិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៍ដូចជា៖
-ការចងរឹតពីខាងលើរបួស ភាគច្រើនបណ្ដាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹម និងត្រូវស្លាប់ ដែលជារឿយៗតម្រូវឲ្យកាត់ចោល ដើម្បីសង្គ្រោះជីវិត។
– ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្ដាលឲ្យហូរឈាមមិនឈប់ និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។
– ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។
– កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងៗចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។
៥- ចំណុចគួរចងចាំ និងអនុវត្ត
– ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។
– ថ្នាំពិសពស់ ១ ដបអាចប្រើសម្រាប់បន្សាបពិសក្រុមពស់ណា ១ ដែលកបនឹងថ្នាំនោះ មិនមែនពស់គ្រប់ប្រភេទទេ។
– ថ្នាំពិសពស់មានផលប្រយោជន៍ និងប្រសិទ្ធិភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។
– គ្រប់ករណីពស់ចឹក ឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។
– បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។ មិនត្រូវចងរឹតតឹងពីខាងលើ ឬវះបង្ហូរឈាម ឬបឺតឈាមទេ ព្រោះវានាំឲ្យខាតពេល និងអាចមានគ្រោះថ្នាក់។
– ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។
ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្កហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យ នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ ឬលាយជាមួយសេរ៉ូម។
ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗទៀតដូចជា ម៉ាស៊ីនដកដង្ហើមអុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ឬការប្រើផលិតផលឈាម ឬការបង្គ្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធិភាព និងដើម្បីជួយជីវិតបាន។