ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត
ជំងឺមហារីកស្បូន ជាប្រភេទជំងឺមហារីកកើតនៅក្នុងស្បូន ដូចជា ស្រទាប់ក្នុងរបស់ស្បូន មាត់ស្បូន ឬតួស្បូន។ ស្បូន មានទីតាំងស្ថិតនៅចន្លោះប្លោកនោម និងរន្ធគូទ មាត់ស្បូនភ្ជាប់ទៅនឹងទ្វារមាស ឯស្បូនភ្ជាប់ជាមួយដៃស្បូន។ មហារីកអាចកើតចេញពីស្រទាប់ជាលិកានៃស្បូន ប៉ុន្តែកម្រមានដុំសាច់ប្រភេទនេះណាស់។
បច្ចុប្បន្ននេះចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូន មានការកើនឡើងជាលំដាប់ ភាគច្រើនកើតលើស្ត្រីអស់រដូវ។ មួយវិញទៀត អ្នកវិទ្យាសាស្ត្រ រកឃើញថា ស្រីៗធាត់ពេកក៏មានហានិភ័យខ្ពស់ប្រឈមជំងឺមហារីកនេះដែរ។
មហារីកប្រភេទនេះ អាចមានរោគសញ្ញាមួយចំនួន បណ្តាលមកពីជំងឺផ្សេងៗ។ ហើយក្នុងករណីសង្ស័យ គ្នាយើងគួរតែទៅជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានច្បាស់ ខណៈរោគសញ្ញាដំបូងមានដូចជា៖
– មានហូរឈាមនៅពេលរួមភេទ ឬក្រោយអស់រដូវ
– ឈឺពោះញឹកញាប់
– មានធ្លាក់ស ឬមានឈាមចេញតាមទ្វារមាស
– ស្បូនធំជាងមុន (អាចដឹងដោយអារម្មណ៍)
នៅមានរោគសញ្ញាមួយចំនួនទៀត កើតមានឡើងក្រោយមហារីករីករាលដាលទៅដល់សរីរាង្គដទៃទៀត ដូចជា ឈឺក្រពះ ឈឺទ្រូង ការស្រក់ទម្ងន់។ អាចនឹងមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗគ្នាយើងមានចម្ងល់សូមពិគ្រោះជាមួយគ្រូពេទ្យ។
យើងគួរទៅជួបគ្រូពេទ្យបើសិនប្រទះបញ្ហាដូចខាងក្រោម៖
– ធ្លាក់ស មានភាពមិនប្រក្រតី ឬមានក្លិន និងពណ៌
– ត្រូវការជំនួយផ្នែកអារម្មណ៍
– មានផលប៉ះពាល់ក្រោយព្យាបាល ដូចជា សញ្ញាឆ្លងមេរោគ (ក្តៅខ្លួន ឈឺសាច់ដុំ ឈឺក្បាល) ឬរោគសញ្ញាមួយចំនួនទៀតមិនអាចពន្យល់បាន។
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
អ្នកវិទ្យាសាស្ដ្រនៅមិនទាន់អាចកំណត់មូលហេតុជាក់លាក់បង្កជំងឺនេះនៅឡើយ ប៉ុន្តែគ្រាន់តែដឹងថា ដោយសារករណីផ្លាស់ប្តូរទម្រង់នៅក្នុងកោសិកាស្រទាប់ខាងក្នុងរបស់ស្បូន។ មុយតាស៉្យុងហ្សែន បានប្រែពីកោសិកាធម្មតា ទៅជាកោសិកាមិនប្រក្រតី។ ជាធម្មតា កោសិកាមានសុខភាពល្អ នឹងលូតលាស់ កើនឡើងនៅក្រោមល្បឿនប្រាកដប្រជាមួយ ហើយងាប់ទៅវិញនៅពេលវេលាជាក់លាក់ ប៉ុន្តែកោសិកាមិនប្រក្រតី រីកធំធាត់ច្រើនហួសពីការគ្រប់គ្រង នឹងមិនងាប់ទៅវិញក្នុងពេលជាក់លាក់ណាមួយទេ។ ការប្រមូលផ្តុំកោសិកាច្រើនបែបនេះបង្កទៅជាដុំមហារីក។ កោសិកាមហារីក នឹងបំផ្លាញជាលិកានៅក្បែរវា បន្តរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
មានកត្តាប្រឈមជាច្រើនអាចបង្កទៅជាជំងឺមហារីកប្រភេទនេះ មានដូចជា៖
– មនុស្សចាស់
– ជំងឺតំណពូជ
– មិនធ្លាប់មានគភ៌
– ព្យាបាលដោយអ័រម៉ូន (tamoxifen) លើជំងឺមហារីកសុដន់។
– ធាត់ខ្លាំង៖ ទំហំរាងកាយរីកលូតលាស់ហួសប្រមាណ នាំឲ្យផ្លាស់ប្តូរតុល្យភាព អ័រម៉ូនរាងកាយ
– មករដូវដំបូងមុនពេលអាយុ ១២ ឆ្នាំ ឬការក្រអស់រដូវ អាចបង្កើនហានិភ័យ បណ្តាលមកពីផលប៉ះពាល់លើអ័រម៉ូនអឺសស្ត្រូសែន។
– ការផ្លាស់ប្តូរលំនឹងអ័រម៉ូនស្ត្រី៖ អូវែ បង្កើតអ័រម៉ូនសំខាន់ៗពីរ មាន អឺស្ត្រូហ្សែន និងប្រូសេស្តេរ៉ូន។ ករណីប្រែប្រួលអ័រម៉ូនទាំងនេះ ធ្វើឲ្យមានការផ្លាស់ប្តូរស្រទាប់កោសិកាខាងក្នុងស្បូន (Endothelium)។ ជំងឺមហារីកស្រទាប់ក្នុងស្បូន (Endometrial cancer) កើតឡើងដោយសារកំណើនអ័រម៉ូនអឺស្ត្រូហ្សែន គ្មានកំណើនអ័រម៉ូនប្រូសេស្តេរ៉ូន។ ស្រីៗក្រោយអស់រដូវ ផឹកភេសជ្ជៈ មានផ្ទុកអ័រម៉ូនអឺស្ត្រូហ្សែន តែគ្មានអ័រម៉ូនប្រូសេស្តេរ៉ូន បង្កើនហានិភ័យនៃជំងឺមហារីកស្បូន។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
វេជ្ជបណ្ឌិត នឹងធ្វើរោគវិនិច្ឆ័យផ្អែកលើប្រវត្តិជំងឺរបស់យើង ពិនិត្យរាងកាយ និងការច្រឹបសាច់ស្រទាប់ក្នុងស្បូនយកទៅពិសោធ ដើម្បីដឹងច្បាស់ថាជាជំងឺមហារីក ឬយ៉ាងណា។ គ្រូពេទ្យអាចសួរនាំយើងពីរោគសញ្ញាលេចឡើងមួយចំនួនដើម្បីកំណត់ពីការលូតលាស់ដុំសាច់។
ជំងឺមហារីកមាត់ស្បូនអាចរាលដាលដល់ប្លោកនោម រន្ធគូទ និងសរីរាង្គដទៃទៀត។ គ្រូពេទ្យនឹងធ្វើតេស្តផ្សេងៗ តាមដំណាក់កាលមហារីក ហើយតេស្តទាំងនោះ រួមមាន Pap test ស្កេន CT MRI Utralsound និងកោសកោសិកាពីស្បូន (uterine curettage) ទៅពិនិត្យជាដើម។
ការព្យាបាលអាស្រ័យលើដំណាក់កាលមហារីក អាចដឹងបានតាមរយៈដុំសាច់ក្នុងស្បូន ឬអូវែ និងអូវុល ដែលគ្រូពេទ្យយកទៅពិសោធ។ បើមហារីកពិតជារាលដាលមែន ក៏មិនរាលដាលទៅកន្លែងឆ្ងាយពីស្បូនដែរ គ្រូពេទ្យអាចកាត់យកជាលិកា ឬកូនកណ្តុរនៅជិតកន្លែងសង្ស័យ ដើម្បីចៀសវាងមហារីករាលដាលបន្ថែមទៀត។
បន្ទាប់ពីនេះ ការព្យាបាល ដោយវិទ្យុសកម្ម អ័រម៉ូន ថ្នាំក័រទីសូន cortisone និងការព្យាបាលគីមីច្បាស់ជាត្រូវធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺមហារីក ដើម្បីកាត់បន្ថយ ទប់ស្កាត់ជំងឺមហារីកនៅសេសសល់។
ការព្យាបាលមហារីក ទោះដោយប្រើថ្នាំ ឬព្យាបាលដោយគីមី សុទ្ធតែប៉ះពាល់សរីរាង្គក្នុងខ្លួនយើង ហេតុនេះជាទូទៅគ្រូពេទ្យ នឹងណែនាំយើងទៅផ្នែកជំនួយអារម្មណ៍អំឡុងពេលកំពុងព្យាបាល។
ដោយសារតែវិធីព្យាបាលមហារីកមានផលប៉ះពាល់ ដូចជា អស់កម្លាំង ធ្វើឲ្យរូបរាង ប្រែប្រួល និងប៉ះទង្គិតផ្លូវចិត្ត យើងគួរចាំ អំឡុងពេលព្យាបាល យើងនៅតែអាចរស់នៅធម្មតា និងសកម្មបន្តិច គួរតែចែករំលែកបទពិសោធយើងជួបប្រទះ ជាមួយសាច់ញាតិ មិត្តភក្តិ ព្រោះពួកគេសំខាន់ណាស់ ពិសេសអាចលើកទឹកចិត្តយើងក្នុងដំណាក់កាលកំពុងព្យាបាល។
ជំងឺមហារីកមាត់ស្បូនអាចជាសះស្បើយប្រសិនស្ថិតក្នុងករណីដូចខាងក្រោម៖
– ក្រោយវះកាត់ស្រីៗអស់រដូវ មិនអាចមានរដូវម្តងទៀតនោះដែរ។
– អាចមានរោគសញ្ញាក្តៅ ក្រហាយ បើពេទ្យធ្វើការវះកាត់អូវែ។
– មានគ្រូពេទ្យវះកាត់ និងអ្នកឯកទេសមហារីក មានបទពិសោធន៍ក្នុងការព្យាបាល។
– ត្រឡប់ទៅរស់នៅ និងបន្តសកម្មភាពធម្មតា រាប់ទាំងសកម្មភាពផ្លូវភេទ ក្រោយពីការវះកាត់ ៤-៨ សប្តាហ៍។
– ទៅជួបគ្រូពេទ្យតាមពេលកំណត់ ទាំងអំឡុងពេលព្យាបាល និងក្រោយព្យាបាល ដើម្បីពិនិត្យមើលផលប៉ះពាល់ និងករណីកើតឡើងវិញរបស់មហារីក។
បញ្ហាជំងឺស្បូនផ្សេងទៀត
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត